![]() |
ចេកអំបូងលឿងដែលត្រូវបានគេដាក់លក់នៅក្នុងផ្សារទំនើបមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។ RFA |
ចេកអំបូងពណ៌លឿងមានប្រភពចេញពីប្រទេសឥណ្ឌា
ត្រូវបានគេបង្កាត់ពូជទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅប្រទេសកម្ពុជា ក្រៅពីក្រុមហ៊ុនវៀតណាម
ដាំលើផ្ទៃដីរាប់រយហិកតារនៅខេត្តរតនគីរី
ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ ក៏មានកសិករនៅខេត្តកណ្ដាល
កំពង់ស្ពឺ កោះកុង កំពត ប៉ៃលិន និងខេត្តបាត់ដំបង ចាប់ផ្ដើមដាំដុះ
និងប្រមូលផលផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
តើដីនៅកម្ពុជា អំណោយផលចំពោះចេកអំបូងលឿងដែរ ឬទេ? ហើយកសិករត្រូវថែទាំបែបណា?
អ្នកជំនាញឯកទេសកសិកម្មធម្មជាតិកម្ពុជា
ដែលបញ្ចប់ការសិក្សាពីប្រទេសកូរ៉េ និងជប៉ុន លើវិស័យកសិកម្ម
បង្ហើបថា
ចេកអំបូងលឿងសម្បូរទៅដោយសារធាតុចិញ្ចឹមសរីរាង្គរបស់មនុស្ស
មានរសជាតិឆ្ងាញ់ និងលក់បានថ្លៃនៅលើទីផ្សារ។
ប៉ុន្តែបច្ចុប្បន្នមានអ្នកដាំចេកប្រភេទនេះតិចតួចនៅឡើយដែលមិនអាចឆ្លើយតបតម្រូវការទីផ្សារបាន
ខណៈពូជចេកជាច្រើនត្រូវបានកសិករខ្មែរទិញពីប្រទេសថៃ
មកដាំដុះជាហូរហែ តាំងពីឆ្នាំ២០១៥។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកសិកម្មធម្មជាតិ
(SBN) លោក សយ បូណា មានប្រសាសន៍ថា ផ្ទៃដីដាំចេកអំបូងលឿងជាង
៨០ហិកតារនៅខេត្តមួយចំនួនដែលជារបស់បណ្ដាញកសិករលោកកំពុងរីកលូតលាស់ល្អ
និងប្រមូលផលបានបណ្ដើរៗហើយ។ លោកថា ចេកអំបូងលឿង
ត្រូវបានអ្នកជំនាញកសិកម្មចាត់ទុកជាប្រភេទដំណាំថ្មីមួយប្រភេទ
និងមានអំណោយផលខ្លាំងនៅកម្ពុជា៖ «ចេកអំបូងលឿង
គឺបច្ចុប្បន្ននេះពេញនិយម ដោយអាស្រ័យអត្ថប្រយោជន៍ តម្លៃទីផ្សារ
និងរសជាតិ។ ខ្ញុំតែងតែបំផុសដល់ប្រជាកសិករ
និងបណ្ដាក្រុមហ៊ុនឲ្យគាត់ធ្វើការដាំដុះចេកអំបូងលឿងឡើង
ព្រោះទីផ្សារចេកអំបូងលឿងមិនមែនសម្រាប់តែព្រះរាជាណាចក្រយើងទេ
គឺអាចនាំចេញទៅបានទូលំទូលាយ»។
ចេកអំបូងលឿង
មិនសូវពិបាកជ្រើសរើសប្រភេទដីដាំដុះឡើយ
ប៉ុន្តែប្រភេទដីដែលល្អបំផុតសម្រាប់ចេកនេះ គឺដីក្រហម
និងដីល្បាប់នៅតាមវាលទំនាបដែលអាចស្រូបជីជាតិទៅចិញ្ចឹមដើម
និងផ្លែវា។
លោក
សយ បូណា ចែករំលែកបទពិសោធន៍ថា រណ្ដៅដាំចេក
ត្រូវជីកទំហំកន្លះម៉ែត្របួនជ្រុង និងជម្រៅកន្លះម៉ែត្រ
ហើយគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយ ចន្លោះពីបី ទៅបួនម៉ែត្រពីគ្នា។
ក្នុងករណីដាំលើដីខ្សាច់ ឬដីកណ្ដេងមិនសូវមានជីជាតិ
ត្រូវប្រើជីសរីរាង្គជំនួយតាមបាតរណ្ដៅក្នុងមួយរណ្ដៅទម្ងន់បីខាំ
ហើយបន្តដាក់រៀងរាល់ ៦ខែម្ដងក្នុងកម្រិតបីខាំដូចគ្នា
ឲ្យបានរយៈពេលពីរឆ្នាំ៖ «ចាប់ពីឆ្នាំទី២
ទៅបានយើងប្រើវាកន្លះគីឡូក្រាម អ៊ីចឹងកូនហ្នឹងវាបែកកូនទៅរហូត
អ៊ីចឹងយើងនៅតែដាក់ ៦ខែម្ដង គ្រាន់តែថា
ដីខ្សាច់យើងដាច់ខាតកុំប្រើជីគីមីឲ្យសោះ
ព្រោះជីគីមីធ្វើឲ្យដីរឹងក្ដាំង តែពីរ
ឬបីឆ្នាំចង់ក្លាយជាថ្មហើយ។ ចំពោះទំហំរណ្ដៅបួនជ្រុង
ហើយជម្រៅបីតឹកក៏បានដែរ ប៉ុន្តែបើយើងមានវត្ថុធាតុដើម
ដូចជាដើមសណ្ដែក កាកដំឡូងសម្រាប់កប់ដាក់ក្នុងរណ្ដៅហ្នឹង
យើងជីកវាកន្លះៗម៉ែត្រទៅ
ប៉ុន្តែបើអត់មានទេយើងជីករណ្ដៅធំនាំតែខាតពេល ខាតលុយទេ។
អ៊ីចឹងយើងគ្រាន់តែដាក់ជីសរីរាង្គបីខាំទ្រាប់បាតទៅ
ហើយដាក់ដាំលប់ដីទៅវាល្អហើយ»។
ការជ្រើសរើសយកគល់ចេកទៅដាំ
គឺជាជម្រើសល្អជាងដាំកូនចេកទៅទៀត
ព្រោះគល់វាអាចបង្កើតកូនថ្មីចន្លោះពី ៣ ទៅ ៦ដើមក្នុងមួយគល់។
រីឯការយកកូនចេកទៅដាំលទ្ធភាពបង្កើតកូនថ្មីយឺតយ៉ាវ។
ការថែទាំ
បន្ទាប់ពីដាំហើយកសិករត្រូវស្រោចទឹកឲ្យបានបីដងក្នុង១សប្ដាហ៍
ប៉ុន្តែបើរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំមិនចាំបាច់ស្រោចឡើយ
ប៉ុន្តែត្រូវបាញ់ជីទឹកបំប៉នដើម និងស្លឹកនៅរៀងរាល់ ៦ខែម្ដង
ឬច្រើនជាងនេះ ដើម្បីបង្កើនភាពលូតលាស់ និងការពារជំងឺក្រា
ឬដង្កូវមូរស្លឹក។
លោកថា ឱកាសកើតជំងឺលើដើមចេក និងស្លឹកមានច្រើន បើកសិករទុកឲ្យដើមដុះប្រជ្រៀតគ្នា និងស្លឹកទ្រុបទ្រុលពេក៖ «ចេកហ្នឹងគឺយើងត្រូវធ្វើអនាម័យក្នុងការសម្អាតជាប្រចាំដែរ
អ៊ីចឹងបើយើងអត់កាត់កូន យើងអត់បានកូនយកទៅបំបែកដាំ
ឬយកទៅលក់វាវិលជុំរហូតតើបង។
យើងទុកបីដើមហើយកាប់តែអាដើមមេហ្នឹងទៅជួនកាលអាកូនក្រោយចេញត្រយូងដំណាលគ្នាយើងបានផលបន្តគ្នារហូតទេ
អ៊ីចឹងយើងទុកបីៗបន្តគ្នារហូត ដល់បានប្រាំទៅ ៧ឆ្នាំទៅ
យើងគាស់វាចោលទៅដាំសារថ្មីហើយអាហ្នឹង»។
បច្ចុប្បន្នកសិករកម្ពុជា
មានឱកាសច្រើនទាំងការដាំយកកូនលក់បន្ត
និងដាំយកផ្លែលក់នៅលើទីផ្សារ។
កសិករខ្លះមិនអាចទិញពូជកូនចេកពីប្រទេសឥណ្ឌា ដែលមានតម្លៃ
៨ដុល្លារក្នុង១ដើម
ទើបពួកគេងាកមកទិញកូនដែលមានស្រាប់នៅក្នុងស្រុក
ឬនាំចូលពីប្រទេសថៃ ដែលមានតម្លៃ ៣ដុល្លារក្នុងមួយដើម
ហើយកសិករខ្មែរនៅបន្តនាំចូលពូជពីក្រៅរាប់រយដើមក្នុងមួយខែៗដើម្បីដាំដុះនៅឡើយ។
លោក
សយ បូណា ណែនាំឲ្យកសិករបង្កើនការថែទាំពេលចេកធ្លាក់ត្រយូង
ពោលគឺរយៈពេលមួយខែកន្លះក្រោយកាត់ត្រយូងចេញត្រូវប្រើថង់ប្លាស្ទិកគ្របផ្លែ
ដើម្បីការពារសត្វល្អិតចង្រៃទិច៖ «ចំពោះការថែទាំផ្លែ
គឺពេលវាចេញមកអស់ហ្នឹងយើងកាច់ត្រយូងហើយ
គឺយើងត្រូវប្រើថង់គ្របផ្លែវា កុំឲ្យមានស្លាកស្នាម រលោង
មានជាតិម្សៅ ឬការពារសត្វទិច គឺយើងប្រើស្បោងហ្នឹង»។
ចេកអំបូងលឿងដែលទទួលផលក្រោយដាំដុះរយៈពេលពី
៦ ទៅ ៧ខែ ងាយនឹងបន្ទុំឲ្យវាទុំដោយមិនចាំបាច់ដាក់ថ្មស្អុយឡើយ។
កសិករគ្រាន់តែកាត់វាជាស្និតៗដាក់ក្នុងឡាំងរួចគ្របក្រដាសកាសែតរយៈពេលមួយយប់មួយថ្ងៃ
ផ្លែវានឹងចាប់ផ្ដើមប្រែជាពណ៌លឿង។
ពេលទុំហើយអាចរក្សាទុកបានបីថ្ងៃ
ប៉ុន្តែបើគេដាក់ក្នុងទូទឹកកកក្នុងសីតុណ្ហភាពត្រជាក់ល្មមអាចរក្សាទុកបានរហូតដល់
១សប្ដាហ៍។
ចេកអំបូងលឿងមានផ្លែធំៗចន្លោះពី
១២ ទៅ ១៥ផ្លែ ក្នុង១ស្និត
និងមានទម្ងន់ចន្លោះពីមួយគីឡូកន្លះទៅពីរគីឡូក្រាម។
តម្លៃលក់នៅតាមផ្សារទំនើប និងសណ្ឋាគារធំៗគឺ ១ដុល្លារ ឬ
១ដុល្លារកន្លះក្នុង១ស្និត ពី ៤ពាន់ ទៅ ៦ពាន់រៀល។
ប៉ុន្តែបើកសិករមានលទ្ធភាពវេចខ្ចប់នាំចេញទៅក្រៅប្រទេស
គឺមានតម្លៃថ្លៃគុណនឹង ៥ ទៅ ៦ដង
នៃតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា
ទើបកសិករខ្លះចង់បង្កើនការដាំដុះដើម្បីនាំចេញ៖ «ព័ត៌មានដែលគេទាក់ទងមកខ្ញុំផ្ទាល់
ក៏គេចង់បាននាំចេញដែរ តែក្នុងបរិមាណច្រើន
អ៊ីចឹងយើងអត់អាចផ្គត់ផ្គង់ទេ។ ប៉ុន្តែអ្វីដែលគេចង់បានហ្នឹង
គឺផលិតករក៏ខ្មែរ ក្រុមហ៊ុនក៏ខ្មែរ
ឲ្យតែរបស់ខ្មែរដាំនៅលើដីខ្មែរយើងហ្នឹង គឺគេទទួលទិញទៅ។
បើតាមខ្ញុំគិតទៅទីមួយដីយើងមានលក្ខខណ្ឌល្អ
ហើយប្រជាកសិករខ្មែរយើងធ្វើការដាំដុះល្អដោយមិនសូវប្រើប្រាស់សារធាតុគីមី»។
ចេកអំបូងលឿងចំនួន
១០០តោន ដែលក្រុមហ៊ុនវៀតណាម ដាំនៅលើផ្ទៃដីប្រមាណ ៥០០ហិកតារ
បានវេចខ្ចប់នាំចេញទៅប្រទេសចិន ជាលើកដំបូងកាលពីចុងខែកក្កដា
ឆ្នាំ២០១៧។ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទអះអាងថា រដ្ឋាភិបាលកម្ពុជា
មិនទាន់អាចនាំចេកប្រភេទនេះចេញទៅប្រទេសចិន ដោយផ្ទាល់នៅឡើយទេ
ព្រោះកម្ពុជា មិនទាន់ចុះកិច្ចព្រមព្រៀងជាមួយចិន៕
ប្រភព៖ www.rfa.org
0 Comments