រងដំណាំដែលមានចង្អូរកណ្តាលជារងដែលគេជីកកូនរណ្ដៅវែងតូចមួយនៅចំកណ្តាលនិងបណ្តោយទៅតាមផ្ទៃរង។គេប្រើកូនចង្អូរតូចនេះសម្រាប់ដាក់ជីធម្មជាតិនិងស្រោចទឹក។ពេលដំណាំលូតលាស់ឫសរបស់វាប្រមូលផ្តុំនៅកន្លែងដាក់ជីនិងស្រោចទឹកនោះ។គារធ្វើរបៀបនេះងាយស្រួលដល់យើងក្នុងការឱ្យជីនិងទឹកចំមាត់ដំណាំតែម្តង
(ពីព្រោះឫសដែលលូតលាស់មកថ្មីៗជាឫសដែលស្រូបទឹកនិងជី)។
របៀបធ្វើរងដាំនិងថែទាំ
ក-យើងលើកដីធ្វើជារងតាមរបៀបធម្មតាដោយទទឹងរបស់រងអាចមានប្រវែងប្រហែល១ម៉ែត្រទៅ១ម៉ែត្រកន្លះ (អាស្រ័យលើប្រភេទដំណាំ)។
ខ-បន្ទាប់ពីលើករងហើយយើងយកចបមកជីកជាចង្អូរចំកណ្តាលដោយទទឹងរបស់ចង្អូរមានប្រវែងប្រហែល៣តឹកនិងជំរៅប្រហែល៣តឹកដែរ។
គ-ពេលជីកចង្អូរហើយយើងរៀបដីនៅសងខាងឱ្យបានស្មើល្អ។បន្ទាប់មកប្រមូលជីធម្មជាតិផ្សេងៗយកមកដាក់ចង្អូរ
(ដែលមានជីលាមកសត្វសុទ្ធ)
លាយជាមួយស្លឹកឈើសុទ្ធ)។បើយើងមានជីកំប៉ុស្តយើងគួរលាយជាមួយដែរ។
ឃ-បន្ទាប់មកយើងអាចយកកូនដំណាំមកដាំឬកប់គ្រាប់ដំណាំ។ដំណាំសមស្របសំរាប់រងរបៀបនេះច្រើនពពួកដែលមានឫសវែងល្មមដូចជាសណ្ដែកកួរត្រប់ត្រសក់ម្រះម្ទេសប៉េងប៉ោះ។ល។
ង-នៅពេលដំណាំលូតលាស់ល្អហើយយើងមិនចាំបាច់ស្រោចទឹកចំគល់របស់វាទេគឺយើងគួរស្រោចតែតាមចង្អូរបានហើយ
ពីព្រោះឫសនឹងប្រមូលផ្តុំនៅក្នុងចង្អូរនោះ។នៅពេលដំណាំកំពុងលូតលាស់ជីនៅកណ្តាលចង្អូរត្រូវរលួយហើយស្រុតចុះក្រោម។ដូចនេះយើងគួរឧស្សាហ៍បន្ថែមជីតែចៀសវាងប្រើលាមកសត្វស្រស់។
ច-ក្នុងករណីពពួកដំណាំឡើងទ្រើងយើងអាចដាក់ទ្រើងឱ្យវារឡើងជាធម្មតាតែត្រូវទុកចន្លោះសម្រាប់ស្រោចទឹកផង។
បើចង់ដឹងថារងរបៀបនេះមានផលប្រយោជន៍យ៉ាងណាសូមបងប្អូនធ្វើការសាកល្បងចំនួន២ទៅ៣រងមើលសិន។
ប្រភពអត្ថបទដកស្រង់ចេញពីគេហទំព័រ៖ www.saingkoma.com
0 Comments