ស្ពៃក្រញាញ់
ឬស្ពៃរួញ ជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែស្លឹកជាច្រើន
ដែលកសិករកម្ពុជា និយមដាំ។ ពីមួយថ្ងៃទៅមួយថ្ងៃ
កសិករនៅតាមជនបទតែងតែនាំគ្នាស្វែងរកគំនិតច្នៃប្រឌិតថ្មី ប្លែកៗ
ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង កសិករ ស៊ឹម រ៉ុម
បានកែប្រែពីការដាំបន្លែស្ពៃក្រញាញ់លើដីផ្ទាល់
មកដាំនៅក្នុងការុងវិញម្ដង។
តើហេតុអ្វីបានជាគ្រួសារកសិករមួយនេះ
ងាកមកដាំស្ពៃក្រញាញ់នៅក្នុងការុង?
តើបច្ចេកទេសដាំស្ពៃក្រញាញ់ក្នុងការុងមានអ្វីខ្លះ?
ប្រជាកសិករលើកឡើងថា
ស្ពៃក្រញាញ់ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ
ដែលធ្វើឲ្យបន្លែស្លឹកប្រភេទនេះពេញនិយមនៅលើទីផ្សារបច្ចុប្បន្ន។
ជាងនេះទៀត ប្រជាកសិករថា
ស្ពៃក្រញាញ់ទោះបីជាប្រភេទបន្លែសាមញ្ញក្តី
តែស្ពៃក្រញាញ់អាចធ្វើម្ហូបអាហារបានច្រើនមុខ មិនថា ឆា ស្ងោរ
និងជាបន្លែអន្លក់ ព្រមទាំងអាចច្នៃជាអាហារជាច្រើនទៀត។
អត្ថប្រយោជន៍របស់ស្ពៃក្រញាញ់នេះហើយ
ដែលជំរុញឲ្យក្រុមគ្រួសារកសិករនៅក្នុងស្រុកបរសេដ្ឋ
ខេត្តកំពង់ស្ពឺ ចាប់អារម្មណ៍ដាំដំណាំបន្លែប្រភេទនេះ។
ខណៈកសិករមួយចំនួននៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
ដាំបន្លែស្ពៃក្រញាញ់នៅលើដីផ្ទាល់ ផ្ទុយទៅវិញ កសិករ ស៊ឹម រ៉ុម
បែរជាដាំស្ពៃក្រញាញ់ដាក់ក្នុងការុងទៅវិញ។
ហេតុអ្វីបានជាកសិករ ស៊ឹម រ៉ុម នៅភូមិទូល ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដាំស្ពៃក្រញាញ់នៅក្នុងការុង?
លោក
ស៊ឹម រ៉ុម បានប្រាប់វិទ្យុអាស៊ីសេរី ថា
ដាំបន្លែស្ពៃក្រញាញ់ក្នុងការុងតាមបែបធម្មជាតិ
អាចបញ្ចៀសពីសត្វចង្រៃបំផ្លាញ ទទួលបានទិន្នផលខ្ពស់ មិនពិបាកថែទាំ
ពិសេសចំណេញលុយច្រើន មិនដូចដាំបន្លែស្ពៃផ្ទាល់ដីនោះឡើយ៖ «សឹងតែដាំអត់បានហ្មង
ស្រមោចចូលចិត្តណាស់ ពេលដែលយើងដាំស្ពៃលើដីហ្នឹង
មានជាតិជីនៅដីហ្នឹងវាចូលចិត្តណាស់
ដាំក្នុងការុងវាខុសពីលើដីត្រង់ថា ក្នុងការុងវាបានទិន្នផលកើន
អត់សូវចំណាយ»។
![កូនស្ពៃក្រញាញ់ជាង ៥០០ការុងនៅក្នុងចម្ការរបស់កសិករ ស៊ឹម រ៉ុម ស្ថិតនៅភូមិទូល ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ កូនស្ពៃក្រញាញ់ជាង ៥០០ការុងនៅក្នុងចម្ការរបស់កសិករ ស៊ឹម រ៉ុម ស្ថិតនៅភូមិទូល ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ RFA/Um Rainsey](https://www.rfa.org/khmer/program/agriculture/How-to-grow-small-Chinese-cabbage-11032015033803.html/cabbag1-620.jpg/@@images/42cf3253-664f-4443-8475-79332559d162.jpeg)
កូនស្ពៃក្រញាញ់ជាង
៥០០ការុងនៅក្នុងចម្ការរបស់កសិករ ស៊ឹម រ៉ុម ស្ថិតនៅភូមិទូល
ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែតុលា
ឆ្នាំ២០១៥ RFA/Um Rainsey
លោក
ស៊ឹម រ៉ុម បានឲ្យដឹងទៀតថា ដើម្បីអាចដាំស្ពៃក្នុងការុងបាន
ចាំបាច់ត្រូវមានសម្ភារៈមួយចំនួន ដូចជា ការុងស៊ីម៉ងត៍ ឫស្សី
ដបទឹកសុទ្ធ និងដី។ លោកបន្តថា របៀបលាយដីដើម្បីដាំស្ពៃក្រញាញ់បាន
ចាំបាច់ត្រូវមានដីដំបូក លាមកមាន់ លាមកគោ និងផេះអង្កាម។
លោកឲ្យដឹងថា យកវត្ថុទាំងនេះមកលាយច្របល់ចូលគ្នា
ហើយយកទៅដាក់ក្នុងការុងដោយក្នុង ១ការុង ដាក់ដី
និងជីទាំងអស់នេះក្នុងបរិមាណសរុបត្រឹមតែ ៥គីឡូក្រាមប៉ុណ្ណោះ។
លោកថា ក្នុងបរិមាណសរុប ៥គីឡូក្រាមនេះ
ត្រូវដាក់ដីច្រើនជាងវត្ថុធាតុដើមដទៃទៀត៖ «យកអាចម៍មាន់ហ្នឹងមក
ឧទាហរណ៍ថា ដាក់ដីដំបូក ១០បង្គី ប្រើអាចម៍មាន់ ១បង្គីមក
ផេះអង្កាមលាយចូលគ្នាមក ហើយបើយើងមានអាចម៍គោ ដាក់ចូលគ្នាដែរមក
តែត្រូវយកអាចម៍គោទៅដុតសិន ដើម្បីកុំឲ្យស្ពៃក្រញាញ់ក្រហមស្លឹក»។
លោក
ស៊ឹម រ៉ុម បានបញ្ជាក់ដែរថា ស្ពៃក្រញាញ់ដាំខែវស្សា ឬខែប្រាំង
ត្រូវលាយដីដោយផ្សំចេញពីវត្ថុធាតុដើមទាំងនេះដូចគ្នា
ប៉ុន្តែលោកថា សម្រាប់ខែប្រាំង ក្រោយលាយដីដាក់ការុងរួច
ត្រូវយកដបទឹកសុទ្ធកាត់ផ្នែកខាងគម្របចោលពាក់កណ្ដាល
ក្រោយមកយកផ្នែកពាក់កណ្ដាលដែលមិនមែនជាផ្នែកខាងគម្របនោះ
ចោះប្រហោងតូចៗចាប់ពី ២ ទៅ ៣ប្រហោង
ដាក់បង្កប់ចូលកណ្ដាលដីដែលដាក់ក្នុងការុងនោះ
ប៉ុន្តែមិនឲ្យលិចដបទឹកសុទ្ធនោះទេ។ លោកថា ធ្វើបែបនេះ
ដើម្បីទុកចាក់ទឹកចូលជួយជំនួយជាតិសំណើមនារដូវប្រាំង៖ «ពេលចូលដល់ខែប្រាំង
យើងត្រូវដាំស្ពៃដាក់ដបទឹកសុទ្ធហ្មង ស្រោចស្ពៃ
ហើយចាក់ទឹកឲ្យពេញក្នុងដបទឹកសុទ្ធហ្នឹងទៅ
យើងដាក់ដបទឹកសុទ្ធនេះជំនួយសំណើមទេ ពេលខែក្តៅខ្លាំង»។
ជាងនេះទៀត
លោក ស៊ឹម រ៉ុម ថា ក្រោយរៀបចំដីដាក់ការុងរួចហើយនោះ
ត្រូវយកគ្រាប់ស្ពៃ ១ ឬ ២ ដាក់បង្កប់ក្នុងដីនោះ។
ប៉ុន្តែមកដល់ត្រង់ចំណុចនេះ
លោកបានប្រាប់ពីបច្ចេកទេសរើសគ្រាប់ពូជ ដើម្បីដឹងពីពូជល្អ
ឬមិនល្អ មុនយកទៅដាំថា៖ «លាយដីហើយដាក់ដាំគ្រាប់ ១ការុងដាំ
២គ្រាប់ ហើយស្ពៃបើចង់ឲ្យដុះ ១០០%
យកគ្រាប់វាមកទៅហាលថ្ងៃបន្តិចសិន
រួចហើយយករែងគ្រាប់យកដីខ្សាច់ចេញ
ក្រោយមកយកគ្រាប់នោះទៅដាក់កន្លែងដែលមានសំណើម បើឃើញថាវាប្រេះ
ហើយយកគ្រប់នោះទៅកប់ដីដែលបានដាក់ក្នុងការុងជាការស្រេច»។
តើរបៀបថែទាំដំណាំបន្លែស្ពៃដាំក្នុងការុងរបស់កសិករ ស៊ឹម រ៉ុម លោកធ្វើដូចម្តេចខ្លះ?
![បច្ចេកទេសរៀបចំដីដាក់ក្នុងការុងរបស់កសិករ ស៊ឹម រ៉ុម ដើម្បីដាំស្ពៃដាក់ការុង ស្ថិតនៅភូមិទូល ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ បច្ចេកទេសរៀបចំដីដាក់ក្នុងការុងរបស់កសិករ ស៊ឹម រ៉ុម ដើម្បីដាំស្ពៃដាក់ការុង ស្ថិតនៅភូមិទូល ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ RFA/Um Rainsey](https://www.rfa.org/khmer/program/agriculture/How-to-grow-small-Chinese-cabbage-11032015033803.html/cabbag2-620.jpg/@@images/b20d3948-7bcf-4cdd-a0d0-a26cc533b6e4.jpeg)
បច្ចេកទេសរៀបចំដីដាក់ក្នុងការុងរបស់កសិករ
ស៊ឹម រ៉ុម ដើម្បីដាំស្ពៃដាក់ការុង ស្ថិតនៅភូមិទូល ឃុំស្វាយរំពារ
ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ RFA/Um Rainsey
លោក
ស៊ឹម រ៉ុម បានឲ្យដឹងបន្តថា
ចាប់ពីថ្ងៃដាំរហូតដល់ពេលប្រមូលផលស្ពៃក្រញាញ់មានអាយុ ៣០ថ្ងៃ។
លោកថា នៅពេលកូនស្ពៃចាប់ផ្ដើមដុះវែងហើយនោះ
យើងអាចស្រោចទឹកមួយថ្ងៃពីរដង ព្រឹកស្រោចចន្លោះម៉ោង ១០ព្រឹក
និងល្ងាចម៉ោង ៣រសៀល។ លោកបន្តទៀតថា
បើចង់ឲ្យស្ពៃលូតលាស់លឿនបានទិន្នផលខ្ពស់ លោកបានបន្ថែមទឹកនោមគោ
ទឹកនោមមនុស្សលាយជាមួយទឹក ស្រោចក្បែរគល់ស្ពៃជាការស្រេច៖ «ការថែមថយធ្វើឲ្យល្អលឿន
មានតែទឹកនោមគោ ទឹកនោមមនុស្សលាយជាមួយទឹកយកទៅស្រោចក្បែរគល់
ដោយប្រើកំសៀវវាកាន់តែធ្វើឲ្យស្ពៃល្អ»។
ជាងនេះទៀត
កសិករ ស៊ឹម រ៉ុម បានឲ្យដឹងទៀតថា
ស្ពៃក្រញាញ់ដាំដាក់ការុងមានបញ្ហាសត្វដង្កូវ និងស្មៅខ្លះ
ប៉ុន្តែលោកថា បញ្ហាស្មៅ និងដង្កូវ
មិនមែនជាបញ្ហាធំសម្រាប់លោកនោះទេ
ព្រោះលោកមានវិធីចាប់ដង្កូវដ៏មានប្រសិទ្ធភាព
ដែលអាចឲ្យស្ពៃក្រញាញ់របស់លោកកាន់តែទទួលផលខ្ពស់៖ «ធម្មជាតិវាអាចកើតដង្កូវដោយឯងៗ
ចឹងបើព្រលឹមឡើងយើងឃើញអាចម៍ដង្កូវជាប់ស្លឹកស្ពៃហ្នឹង
យើងមានវិធីទៀត ម៉ោង ៧យប់បាត់សូរសំឡេង
យើងយកពិលមកបញ្ចាំងមើលទៅនឹងឃើញដង្កូវ តែបើអត់ឃើញម៉ោងហ្នឹង
មកមើលម្តងទៀតនៅម៉ោង ៤ទៀបភ្លឺ នឹងឃើញដង្កូវហើយ»។
ឯកសារស្រាវជ្រាវរបស់ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីអត្ថប្រយោជន៍ស្ពៃក្រញាញ់ បង្ហាញថា
ស្ពៃក្រញាញ់ជាបន្លែដែលសម្បូរទៅដោយជីវជាតិច្រើនមុខ
ក្នុងនោះរួមមាន ជាតិប្រូតេអ៊ីន វីតាមីនអា (A) វីតាមីនបេ (B)
និងវីតាមីនសេ (C)។ លើសពីនេះ ស្ពៃក្រញាញ់ក៏សម្បូរជាតិរ៉ែ
មានជាតិកាល់ស្យូម ជាតិដែក ផូស្វ័រ និងជាតិប៉ូតាស្យូម។
ដោយសារស្ពៃក្រញាញ់មានអត្ថប្រយោជន៍ច្រើននេះហើយ
បានក្លាយជាទិសដៅសំខាន់របស់ក្រុមគ្រួសារ លោក ស៊ឹម រ៉ុម
ដើម្បីលើកស្ទួយកម្រិតជីវភាពប្រចាំថ្ងៃ
ព្រោះស្ពៃក្រញាញ់ដែលលោកដាំដាក់ការុងតាមបែបធម្មជាតិនេះជាង
៣០០ការុង លក់ទៅឲ្យទីផ្សារសេដាក (CEDAC) និងអង្គការស៊ីត
បានតម្លៃក្នុង ១គីឡូក្រាម ៥.០០០រៀល។
លោក
ស៊ឹម រ៉ុម អះអាងថា បច្ចុប្បន្ននៅលើទីផ្សារកម្ពុជា
ស្ពៃក្រញាញ់កំពុងនាំចូលខ្លាំងពីបណ្ដាប្រទេសជិតខាង។
កសិកររូបនេះយល់ថា ទោះជាពលរដ្ឋមួយចំនួននិយមប្រើថ្នាំគីមី
ព្រមទាំងប្រើរបៀប ឬវិធីដាំផ្សេងៗ
ដើម្បីដាំស្ពៃក្រញាញ់ឲ្យធំលូតលាស់លឿនក៏ដោយ ប៉ុន្តែ លោក ស៊ឹម រ៉ុម
បានណែនាំឲ្យកសិករដែលចាប់អារម្មណ៍ការដាំបែបធម្មជាតិ
ហើយទទួលបានទិន្នផលខ្ពស់បានល្អ
គួរជ្រើសរើសដាំស្ពៃក្រញាញ់ដាក់ការុង
ព្រោះវិធីនេះអាចដាំស្ពៃបានរហូតដល់ ៣ដង ហើយក្នុងមួយការុងៗ
អាចទទួលបានផលស្ពៃរហូត ១គីឡូក្រាម៕
0 Comments