តាមបទពិសោធន៍របស់យើងទទួលបាន ជីកំប៉ុស្តជាសារធាតុមួយដែលអាចប្រើសម្រាប់ឲ្យទឹកត្រពាំង ស្រះ ប្រឡាយ ថ្លាបានល្អ និងបង្កលក្ខខណ្ឌយ៉ាងល្អដល់ការលូតលាស់របស់រុក្ខជាតិ និងសត្វដែលរស់នៅក្នុងទឹក។ ខាងក្រោមនេះ ជាបទពិសោធន៍មួយចំនួនសម្រាប់លោកអ្នកយកទៅអនុវត្តពិសោធន៍តាម៖
១-ផលប្រយោជន៍ផ្សេងៗ
ការប្រើជីកំប៉ុស្តវាធ្វើឲ្យទឹកថ្លាល្អ ទន្ទឹមនឹងនេះក៏ផ្តល់ជាចំណី និងលក្ខខណ្ឌល្អដល់ត្រី វារីរុក្ខជាតិផ្សេងៗដូចជា ព្រលិត ត្រកួន កញ្ឆែត ដែលរស់នៅក្នុងត្រពាំង និងស្រះក៏មានការលូតលាស់ល្អ។ ដូចនេះ បរិមាណបន្លែក៏អាចកើតឡើងដែរ។
លើសពីនេះទៅទៀត ទឹកដែលមាននៅក្នុងស្រះ ត្រពាំង ប្រសិនបើយកទៅស្រោចដំណាំ គឺវាអាចជួយឲ្យដំណាំមានការលូតលាស់ល្អជាងទឹកដែលល្អក់។ ជាធម្មតាកាលណាមានទឹកថ្លា រុក្ខជាតិ និងសត្វលូតលាស់បានល្អវាក៏ជួយបង្កើននូវសម្រស់នៃបរិស្ថានជុំវិញផ្ទះរបស់យើងដែរ។
២-បរិមាណដែលត្រូវប្រើ
ចំពោះទឹកដែលមានចំណុះមួយម៉ែត្រត្រីគុណ គេអាចប្រើជីកំប៉ុស្តពី ៦ទៅ១០គីឡូក្រាម ដោយវាអាស្រ័យទៅលើកំរិតល្អក់របស់ទឹក និងលក្ខណៈផ្ទាល់របស់ដី។ ឧទាហរណ៍ បើយើងមានត្រពាំងទទឹង៤ម៉ែត្រ បណ្តោយ៨ម៉ែត្រ ហើយមានទឹកជំរៅ២ម៉ែត្រ មានន័យថា ត្រពាំងយើងមានចំណុះ៦៤ម៉ែត្រត្រីគុណ។ ក្នុងករណីនេះ បរិមាណជីកំប៉ុស្តដែលត្រូវប្រើ គឺអាចពី ៣៨៤ ទៅដល់ ៦៤០គីឡូក្រាម ឬប្រហែលពី ១រទេះកន្លះ ដល់៣រទេះ។
យើងសូមបញ្ជាក់ផងដែរថា ការប្រើជីកំប៉ុស្តច្រើន ឬតិច វាអាស្រ័យកំរិតល្អក់នៃទឹក និងបរិមាណជីដែលមាន។ ជាទូទៅបើប្រើតិចពេកទឹកមិនសូវថ្លា បើប្រើច្រើនពេកវាអាចខាតជី ពីព្រោះបើទឹកថ្លាហើយយើងថែមជីទៀត ក៏វាមិនមានការប្រែប្រួលអ្វីគួរឲ្យចាប់អារម្មណ៍ទេ ហើយថែមទាំងធ្វើឲ្យខូចគុណភាពទឹកដោយសារលើសសារធាតុចិញ្ចឹម និងហប់ខ្យល់។
៣-ពេលវេលាដែលត្រូវប្រើ
យើងបាចជីកំប៉ុស្តទ្រាប់បាតស្រះ ត្រពាំង នៅដើមរដូវវស្សា តែប្រសិនបើយើងខ្វះខាតជីយើងអាចបាចខ្លះសិន រួចហើយចាំបាចបន្ថែមនៅពេលក្រោយ។ ការបាចបន្ថែមនៅពេលក្រោយអាចធ្វើនៅពេលណាក៏បានដែរតែយើងត្រូវប៉ាន់ស្មាននូវបរិមាណជីឲ្យបានជាក់លាក់ទៅតាមកំរិតដែលគួរប្រើ។
ក្នុងកំឡុងពេលដែលទឹកមានក្នុងស្រះ ប្រសិនបើយើងសង្កេតឃើញថា ទឹករាងប្រែពណ៌ល្អក់ខ្លះ ដោយសារមានភ្លៀងធ្លាក់មកបន្ថែម យើងអាចបាចជីកំប៉ុស្តបានខ្លះៗថែមទៀត។
៤-បញ្ហាដែលត្រូវយកចិត្តទុកដាក់
យើងត្រូវប្រើជីកំប៉ុស្តជាក់លាក់ មានន័យថា ជីដែលផ្សំពីធាតុផ្សេងៗ ហើយពុក ឬបំបែកធាតុបានល្អ។ ជាធម្មតាកាលណាយើងប្រើជីកំប៉ុស្តគឺស្រះ ត្រពាំងឆាប់រាក់។ ដូចនេះពេលយើងបាចចាប់ត្រីនៅចុង រដូវប្រាំង យើងជីកប្រមូលយកដីបាតស្រះ ត្រពាំងមកប្រើចាក់លើដីសួន ឬចម្ការរបស់យើង។ វាជាជីយ៉ាងល្អសំរាប់ដំណាំរបស់លោកអ្នក៕
0 Comments