![]()
ក្ដាមស្រែ គឺជាអាហារដ៏ពេញនិយមបំផុត គេអាចយកទៅច្នៃធ្វើជាម្ហូបបានច្រើនប្រភេទដូចជា ស្លម្ជូរ ឆា ភ្លា ក្ដាមប្រៃ -ល- ឱមានជារសឆ្ងាញ់ពិសា ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើង មុខរបរចិញ្ចឹមក្ដាមហាក់បីដូចជាមិនសូវមានកសិករណាចាប់អារម្មណ៏នៅក្នុងការចិញ្ចឹម ភាគតិចណាស់ដែលកសិករយើងយល់ដឹងពីបច្ចេកទេសចិញ្ចឹមក្ដាម និងតម្លៃទីផ្សាររបស់វា។

ការចិញ្ចឹមក្ដាមគ្មានអ្វីលំបាកនោះ អាចធ្វើបានច្រើនវិធី អាស្រ័យទៅលើការចូលចិត្ត ដោយយើងមិនចាំបាច់ត្រូវមានដីធំ ឬក៏ថវិកាច្រើននោះទេគឺយើងអាចចិញ្ចឹមវាបាននៅក្នុងអាងស៊ីម៉ង់តិ៍ ហើយពូជរបស់វាទៀតសោតគឺរឹតតែស្រួលរក។ ដើម្បីចង់ដឹងថាការចិញ្ចឹមបែបណានោះយើងនិងបង្ហាញពីវិធីសាស្រ្ដ ដូចខាងក្រោម៖
១/. ការរៀបចំអាងចិញ្ចឹម
- អាងស៊ីម៉ង់តិ៍ 4ជ្រុង ប្រវែង 2 x 3 ម៉ែត្រ កម្ពស់ 1ម៉ែត្រ -យកបំពង់ទុយោ pvc ចំនួន 2 មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក
- អាងថ្មីត្រូវត្រាំទឹកទុកចោល ហើយប្តូរទឹក 3-4ដង
- យកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរ
- ដាក់ដីប្រមាណកម្រាស់ 2 ទៅ 3តឹក
- ធ្វើដំបូលអាង ដើម្បីជាម្លប់ ដាក់បំពង់ទុយោ ផែនក្បឿងចាស់ៗជាជម្រករបស់វា
ហើយគួរដាំស្រូវ ត្រកួននឹងស្មៅ ចក សារាយ រួចដាក់ទឹកចូលកំពស់ប្រមាន 3 តឹក។
២/. ការដាក់ចិញ្ចឹម និងថែទាំ
- ព្រលែងក្តាមដែលចាប់មកពីបឹងធម្មជាតិ ដែលមានសុខភាពល្អ ប្រហែល 50ក្បាល
- ឈ្មោល 25 មេ 25 ដាក់ចូលក្នុងអាង
- មួយអាទិត្យផ្តល់ចំណី 3 ដង
- ចំណីមានដូចជាបាយ កូនត្រីល្អិត កំពិស ស្ពៃ ត្រកួន
- គួរដាក់ចំណីឱ្យសមល្មម កុំឱ្យច្រើនហួសពីតម្រូវការ ព្រោះអាចធ្វើឱ្យអាងស្អុយ ដូចនេះ គួរយកចេញវិញបើនៅសល់
- ប្តូរទឹក 2-3 ដងក្នុងមួយខែ។
- បើយកកូនក្តាមតូចៗដែលមានអាយុ 15 ថ្ងៃ ដំបូង គួររកដង្កូវក្រហម ឬក៏ពងមាន់ស្ងោរយកពងក្រហមជាចំណី ក្រោយពីនោះ រកកូនត្រីកំពិសមកចិញ្ច្រាំឱ្យវាស៊ី ឬក៏ចំណីត្រីអណ្តែង


៣/. ការប្រមូលផល
-ក្តាមនឹងសក ពី 13-15 ដង ទើបល្មមជាក្តាមពេញវ័យអាចយកទៅលក់បាន
-នៅរដូវភ្លៀង មេក្តាម 1 ក្បាលមានពងប្រមាណ 500-700 ពងក្តាមធំធាត់រយៈពេល ពី 6-8 ខែ។

៤/. ការសកសំបក
- ក្តាមដែលសកសំបកសង្កេតបាននៅពេលដែលស្នាមឆ្នូតខាងចុងនៃសំបកខ្នងឃ្លាតគ្នាខុសប្រក្រតី
- សំបកក្តាមនឹងនៅស្ងៀម ហើយទាញជើងចេញក្រៅទាំងសងខាង
- ស្នាមទ្រនុងខ្នងនឹងរបើកចេញ
- ជើងគូរខាងក្រោយរបស់វា ក៏របើកចេញមកមុន។
កសិករទាំងអស់គ្នាគួរតែសាកល្បងចិញ្ចឹមក្ដាមទាំងអស់គ្នា ពីព្រោះវាងាយស្រួលក្នុងការចិញ្ចឹម
មិនទាមទារដើមទុនច្រើន ហើយថែមទាំងមិនពិបាករកទីផ្សារទៀតផង ពីព្រោះក្ដាមគេហូបមិនទាមទាររដូវទេ
៕



0 Comments