កសិករ
លៀ ម៉េងលី រស់នៅភូមិបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
ជាអ្នកមានបទពិសោធន៍ដាំម្ទេសបានផ្លែច្រើន ។
បទពិសោធន៍នេះគាត់ចេះពីឪពុកម្តាយរបស់គាត់តៗមក ។ នៅលើផ្ទៃដី ១០
អារ គាត់បេះម្តងបាន ២០ គីឡូក្រាម ជាសរុបបានផលចំនួន ២៤០-២៦០
គីឡូក្រាម ក្នុង ១ រដូវ។
១.ការរៀបចំដី និងការសាបគ្រាប់
មុនដាំ
គាត់បានរៀបថ្នាលសាបកូនលើផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើថ្នាល
គាត់បានជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី
កប់ចូលក្នុងថ្នាល ។ គាត់បានយកគ្រាប់ពូជទិញពីផ្សារចំនួន ១ ខាំ
ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល ។
ក្រោយពីសាប គាត់បានកាត់កំទេចចំបើងគ្របពីលើ
រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ។
២.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន
គាត់ភ្ជួរ
រាស់ដីឲ្យម៉ដ្ឋល្មម
រួចកាប់រណ្តៅដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក
និងចន្លោះជួរ ៥ តឹក ។ នៅក្នុងរណ្តៅនីមួយៗ
គាត់បានប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ។
មុននឹងដកស្ទូង
គាត់ស្រោចទឹកឲ្យជោគនៅលើថ្នាលដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស ។
ក្នុង ១ រណ្តៅ គាត់ដាំកូនម្ទេស ១ ដើម ដោយជ្រើសរើសតែដើមថ្លោសល្អ ។
ក្រោយពីដាំកូនហើយ គាត់កាត់ចំបើងធ្វើគម្រប រួចស្រោចទឹកឲ្យជោគ ។
៣.ការថែទាំ
ក្រោយពី
ស្ទូងហើយ គាត់ស្រោចទឹក ១ ថ្ងៃ ២ ដង ។ ក្រោយពីកូនម្ទេសដុះរឹងប៉ឹង
ស្មៅចាប់ផ្តើមដុះ គាត់បានធ្វើការជ្រុំដីដកស្មៅ
ដើម្បីបំផុសដីឲ្យមានខ្យល់ចេញចូល ទឹកជ្រាបបានល្អ ។
ក្នុងការដាំម្ទេសនេះ
គាត់ជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ
ធ្វើឲ្យត្រួយរួញស្លឹក គាត់បានកំចាត់វាដោយរោយផេះនៅតាមគល់ ។
នៅពេលម្ទេសជិតចេញផ្កា
គាត់បានដាក់ជីកំប៉ុស្តិកប់ចូលដីនៅក្បែរគល់ ។
ការគ្របគល់ធ្វើស្មៅ និងស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ ។
៤.ការប្រមូលផល
ក្រោយពី
ដាំបានរយៈពេល ៤ ខែ គាត់ចាប់ប្រមូលផល ដោយបេះតែផ្លែទុំល្អ
ឬក្រហមព្រឿងៗ ។ ការបេះផ្លែធ្វើឡើងរយៈពេល ១ អាទិត្យម្តង ។
គាត់បេះផ្លែម្ទេសម្តងបាន ២០ គីឡូក្រាម លើផ្ទៃដី ១០ អារ ។
ក្នុងមួយខួបជីវិត គាត់បេះបានប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០
គីឡូក្រាម ។ តំលៃដែល គាត់លក់បានប្រែប្រួលពី ៤០០០-៥០០០ រៀលក្នុង១
គីឡូក្រាម ។ ក្នុងការដាំម្ទេសនេះ
គាត់ចំណាយតែលើការទិញពូជតែម្តងប៉ុណ្ណោះ ការដាំក្រោយៗទៀត
គាត់រក្សាទុកពូជដោយខ្លួនឯង ។
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន ៖
- រៀបចំថ្នាលបណ្តុះគ្រាប់ម្ទេសដោយ ប្រើជីលាមកសត្វពុកផុយ
- ត្រាំគ្រាប់ម្ទេសជាមួយទឹកក្តៅឧណ្ហៗ រួចយកទៅសាបនៅថ្នាល
- កាប់រណ្តៅដាំដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ដោយប្រើជីលាមកគោដាក់ទ្រាប់បាតរណ្តៅ
- ដកកូនម្ទេសដែលមានកំពស់ ១ តឹក និងមានដើមរឹងមាំ ឬ ដើមថ្លោសយកមកដាំ
- ថែទាំស្រោចទឹក និងជ្រុំបំផុសដី ដកស្មៅចោល
- កំចាត់ស្រមោចរោមត្រួយដោយប្រើផេះចង្ក្រានបាចគល់ម្ទេស
- ដាក់ជីកំប៉ុស្តិបំប៉ន គ្របគល់ស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
0 Comments